ទីតាំងផលិតប្រហុក ផ្អកមួយកន្លែងត្រូវបានមន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបងរកឃើញថាគ្មានអនាម័យ និងមិនទាន់មានច្បាប់អនុញ្ញាត ប្រកបអាជីវកម្ម
សន្តិសុខសង្គម
256

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតប្រហុក ផ្អកមួយកន្លែង ដែលមានអាស័យដ្ឋានស្ថិតនៅផ្សារប្រហុក ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងសកម្មនេះ មន្រ្តីជំនាញបាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ដើម្បីធ្វើការវិភាគបឋមនៅនឹងកន្លែងផងដែរ។ ការពិនិត្យត្រូវបានផ្តោតលើការប្រើប្រាស់សារធាតុគីមីហាមឃាត់ អនាម័យទូទៅនៃកន្លែងផលិត កន្លែងស្តុក ច្រវ៉ាក់ផលិតកម្ម វត្ថុធាតុដើម និងផលិតផលសម្រេចផងដែរ។

ផ្អែកតាមលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីអធិការកិច្ចបានរកឃើញថា ៖

- ការផលិតពុំទាន់មានច្បាប់អនុញ្ញាត ប្រកបអាជីវកម្មនៅឡើយ

- ការផលិត កែច្នៃ វេចខ្ចប់ មិនទាន់បានសមស្របតាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យ

- ទីតាំងផលិតមិនទាន់សមស្រប និងគ្មានអនាម័យ

- ផលិតផលពុំទាន់អនុវត្តបានលក្ខខណ្ឌនៃការវេចខ្ចប់។

ក្នុងឱកាសនោះផងដែរ មន្រ្តីជំនាញបានអប់រំ ណែនាំដល់ម្ចាស់អាជីវកម្មមកឱ្យ កែតម្រូវនូវចំណុចខ្វះខាតដែលមន្រ្តីជំនាញបានរកឃើញ និងបានណែនាំអំពីលក្ខខណ្ឌតម្រូវមួយចំនួនពាក់ព័ន្ធនឹងការផលិត ម្ហូបអាហារ ដើម្បីឱ្យមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

ជាមួយគ្នានោះ មន្រ្តីជំនាញបានដកយកគំរូផលិតផលមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគឡើងវិញ។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អ្នកផលិត អ្នកកែច្នៃផលិតផលម្ហូបអាហារទាំងអស់ សូមផលិត និងកែច្នៃម្ហូបអាហារអនុលោមតាម គោលការណ៍ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌតម្រូវនានា ដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពជូនអ្នកប្រើប្រាស់ ៕


Telegram