ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបន្ទាន់ទាំងយប់តាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស ពលរដ្ឋ​ដែលត្រូវអាជ្ញាធរបង្ខំចិត្តឲ្យបិទខ្ទប់១៤ថ្ងៃ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
ព័ត៌មានជាតិ
239

រាជធានីភ្នំពេញ៖ នារាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយតាមប្រព័ន្ធវីដេអូ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

ការប្រជុំបន្ទាន់នេះ គឺធ្វើឡើងដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស បងប្អូនប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនី ដែលត្រូវបានអាជ្ញាធរ បង្ខំចិត្តឲ្យបិទខ្ទប់ភូមិដ្ឋានរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា កម្លាំងដែលអនុវត្ត រាល់សកម្មភាពទាំងអស់ គឺត្រូវរាយការណ៍ជាប្រចាំ មកកាន់រដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវពិនិត្យស្ថានភាពជាក់ស្តែង ចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ត្រូវផ្តល់ជូនពលរដ្ឋដែលងាយរងគ្រោះជាងគេមុន តែក៏ត្រូវរក្សាគម្លាតសុវត្ថិភាព ពេលចែកអំណោយ ឲ្យបានល្អប្រសើរ ហើយត្រូវធ្វើឲ្យខាងតែបាន។

ឯកឧត្តម ក៏បានស្នើឲ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅតំបន់រាំងខ្ទប់ទាំងអស់ ត្រូវតាមមើលប្រជាពលរដ្ឋកុំឲ្យដើររហេតរហូត តែសុំកុំធ្វើហួសពីការកំណត់ និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់អោយច្បាស់ ជាមួយនិងការថតរូបគាត់ទុក មានន័យថា ម្នាក់នេះចេញ ២ទៅ៣ថ្ងៃក្រោយ ត្រូវតែជាមនុស្សម្នាក់នេះ ជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់ ៕ 


Telegram