រាជធានីភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរទំនិញទាំងអស់នៅក្នុងរាជធានីភ្នំពេញ កុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលកម្ពុជាកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយតំបន់មួយចំនួនត្រូវបានបិទខ្ទប់ (Lock Down) ។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា គ្រាដែលកម្ពុជា ពិសេសរាជធានីភ្នំពេញ បាននិងកំពុងតែផ្ទុះជំងឺកូវីដ-១៩ រីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយប្រជាពល រដ្ឋបានរងនូវផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច។ ដូច្នេះប្រសិនបើអាជីវករមួយចំនួនឆ្លៀតឱកាសឡើងថ្លៃទំនិញទៀតនោះ គឺកាន់តែធ្វើឱ្យមានផលប៉ះពាល់កាន់តែខ្លាំងថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរទំនិញ ពិសេសអាជីវករលក់គ្រឿងឧបភោគ បរិភោគសូមមេត្ដាកុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលយើងកំពុងតែជួបនូវការលំបាកប្រឈមជា មួយជំងឺកូវីដ-១៩ ដូចពេលបច្ចុប្បន្ន។ យើងដឹងហើយថា ដំណាក់កាលនេះប្រជាពលរដ្ឋជាច្រើនបានរងនូវការប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច។ ដូច្នេះបើបងប្អូនអាជីវករឆ្លៀតឱកាសឡើងថ្លៃទំនិញទៀតនោះ គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋយើងជួបការលំបាកថែមទៀត សូមមេត្តាយោគយល់លើបញ្ហានេះផង ។
ដោយសារតែរាជធានីភ្នំពេញ បានផ្ទុះនូវការរីករាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច Lock Down តំបន់មួយចំនួន និងបិទផ្សារជាច្រើនផ្សេងទៀតជាបណ្ដោះអាសន្នផងដែរ ដោយសារតែមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ៕