ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញកាត់ខ្សែបូ និងបុណ្យឆ្លងសម្មិទ្ធិផ្សេងៗនៅទេវស្ថានលោកតាបង់បត់ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម
ព័ត៌មានជាតិ
66

ខេត្តកំពង់ចាម៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា TVK បានឲ្យដឹងថា សមិទ្ធិផ្សេងៗក្នុងវិស័យពុទ្ធិចក្រ ស្ថិតនៅទេវស្ថានលោកតាបង់បត់ ភូមិដើមស្តៅ ជាប់ព្រំប្រទល់ ភូមិប៉ាក់ណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទើបនិងកសាងហើយរួចរាល់ ត្រូវបាន ប្រារព្ធពិធីបុណ្យឆ្លង និងកាត់ខ្សែបូសម្ពោធនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ព្រមទាំងវត្តមាន ឯកឧត្តម ងួន ស៊ីមអាន សមាជិក សភាមណ្ឌលកំពង់ចាម ។

តាមការលើកឡើងរបស់លោក ខឹម ប៉ោទាង មេឃុំពង្រ ស្រុកកោះសូទិន បានជម្រាបជូនអោយដឹងខ្លះៗពីប្រវត្តិនៃ ទេវស្ថានលោកតាបង់បត់

នេះមានមកតាំងពីយូរលង់ណាស់មកហើយ ដែល មិនអាចស្រាវជ្រាវប្រវត្តិដើមបានច្បាស់លាស់ឡើយ ដោយចាស់ទុំដែលដឹងរឿងច្បាស់នោះគាត់បានលាចាក លោកនេះអស់ទៅហើយ ។

តាមរយៈការស្រាវជ្រាវបានត្រឹមការចងចាំរបស់អ្នកភូមិជុំវិញរមណីដ្ឋាន នេះប៉ុណ្ណោះ ហើយអ្នកភូមិតែងហៅថា លោកតាបង់បត់ដើមស្លែង ព្រោះ មានដើមស្លែងធំៗនៅរហូតមកដល់សព្វថ្ងៃនេះ មានអាយុកាលជាងរយឆ្នាំមកហើយ ។ នៅក្នុងរមណីដ្ឋាននេះមានអាស្រមចំនួន៤ គឺៈ

អាស្រមទី១ ស្ថិតនៅក្រោមដើមស្លែងដ៏ធំមួយ ហើយអ្នកស្រុកតែងហៅអាស្រមនោះថាអាស្រម លោកតាបង់បត់ឬលោកតា នាយល្វេទ ឬលោកតាចៅហ្វាយស្រុក ព្រោះព្រះទេវស្ថាននេះជាទី តាំងស្រុកនៃទេវស្ថានទាំងឡាយក្នុងស្រុកកោះសូទិន ។ ក្នុងអាស្រមក៏មានលោក តាល្មូលចុក លោកតាស្មៀនម៉ុក និងលោកតាស្មៀនម៉ែន គង់នៅរួមគ្នាចំនួន ៤អង្គ ។

– អាស្រមទី២ នៅជាប់អាស្រមទី១ លោកតាបង់បត់ឬលោកតា នាយល្វេទ ឬលោកតា ចៅហ្វាយស្រុក ជាអាស្រមលោកជំទាវកន្ទោងខៀវ និងលោកជំទាវតី ។

-អាស្រមទី៣ កាលដើមឡើយស្ថិតនៅទិសខាង លិច ជាប់មាត់ទន្លេក្រោមដើមពោធិ៍ គឺ អាស្រម លោកតាខ្នងគីរី ឬលោកតាចិន (នៅពេលរៀបអាពាហ៍ពិពាហ៍ អ្នកស្រុកតែងយកដង្វាយ ទៅថ្វាយ និងថ្វាយបង្គំសុំសេចក្តីសុខ) ។

-អាស្រមទី៤ កាលដើមឡើយនៅជាប់អាស្រម លោកតាគីរី ឬលោកតាចិន គឺអាស្រម លោកតាក្រុងសំរិត ។

ក្រោយមកដើមពោធិ៍នោះចាស់ ដល់អាយុកាល ក៏បានបាក់ ហើយលោកតាឧបាសក ខៀវ បេ ក៏បានលើកយកមកដាក់នៅខាងកើតផ្លូវវិញ ហើយឥឡូវ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវក៏បានប្តូរទីតាំងមកសាងសង់អាស្រមទាំងពីរនេះ ទៅដាក់ជាប់និងអាស្រមលោកជំទាវតី និងលោកជំទាវ កន្ទោងខៀវវិញ ។

លោកតាបង់បត់ទាំងបួនអាស្រមនេះ អ្នកស្រុកមានជំនឿយ៉ាងមុតមាំណាស់រាល់ពេល ស្រុកកើតកលយុគផ្សេងៗ មានជំងឺដំកាត់ រាតត្បាតឬមានទុក ភ័យផ្សេងៗ អ្នកស្រុកតែងតែមកបន់ស្រន់សុំសេចក្តីសុខ ។

ដំណាលថាមានលោកតាម្នាក់ជាអ្នកស្នងរូបលោកតាបង់បត់មាន ឈ្មោះថា លោកតា ប៊ន់ តែងគ្រងសំលៀកបំពាក់ គឺស្លៀកហូល វ័នពងសំពត់ស យកទឹកមន្តដើរប្រោះព្រំ តាមផ្ទះអ្នកស្រុក ដើម្បីផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋ ។

ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋនៅភូមិដើមស្តៅ ភូមិប៉ាក់ណាម តែងធ្វើបុណ្យកំសាន្តភូមិ សុំទឹកភ្លៀង សុំសេចក្តីសុខពីលោកតា ហើយតែងបានដូចបំណងអ្នកស្រុកប្រាកដមែន ។

ឥលូវអាស្រមទាំងបួននេះ ឯកឧត្ដម ខៀវ កាញារិទ្ធ និងលោកជំទាវបានយកមកសាងសង់ទន្ទឹមគ្នាទាំងបួនហើយ ។

ទេវស្ថានបត់បត់នេះតាមការចង់ចាំរបស់អ្នកភូមិ រយៈកាលកន្លងមកមានលោកតា ឧបាសក ខៀវ លោកយាយឧបាសិកា សែត ដែលត្រូវជាជីតាទូត ជីដូនទួត របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ជាអ្នកគ្រប់គ្រងថែរក្សាឧបត្ថម្ភគាំពារ លុះបន្ទាប់មកលោកតាឧបាសក ខៀវ បេ និងលោកយាយឧបាសិកា សេង ជាអ្នកថែរក្សានិងឧបត្ថម្ភគាំទ្របន្តទៀត បន្ទាប់មកទៀតគឺ លោកតាមហាឧបាសក ខៀវ ថន និងលោកយាយមហាឧបាសិកា ឡោ លាងហ៊ន់ ជាមាតាបិតា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានគាំទ្រ និងជួយឧបត្ថម្ភបន្តទៀត។

នៅតាំងពីឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានរៀបចំរមណីដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើងដោយបានចាក់ដីពង្រាបទីតាំង ចាក់ សាបនិងរៀបខឿនដើមពោធិ៍ , សាងអាស្រមថ្មីចំនួន២ គឺអាស្រមលោកតាខ្នងគីរី ឬលោកតាចិន និង អាស្រមលោកតាក្រុងសំរិទ្ធ ដែលស្ថិតនៅទិសខាងលិចយកមកដាក់ទន្ទឹមនិងអាស្រមលោកតា បង់បត់ឬលោកតានាយល្វ ឬលោកតាចៅហ្វាយស្រុក,

អាស្រមលោកជំទាវ កន្ទោងខៀវ និងលោកជំទាវ តី ធ្វើការជួសជុលអាស្រមលោកតាបង់បត់ អាស្រមលោកជំទាវ កន្ទោងខៀវ ឲ្យបានថ្មីល្អឡើងវិញ ចាក់សាបបន្ថែម រៀបចំការ៉ូ ធ្វើរបង ក្លោងទ្វារថ្មី ដាក់បង្គោលភ្លើងសូឡា លើកដំបូលថែមដែក ធ្វើថ្មម៉ាបដាក់សរចក្តីជូនដំណឹង សរុបជារួមក្នុងការកសាងសមិទ្ធផលទាំងនេះអស់ចំនួន ជាង ២ មុឺន ៧ ពាន់ដុល្លា ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការរៀបចំកសាង ទេវស្ថានលោកតាបង់បត់ អោយមានសោភណ្ឌភាពស្រស់ស្អាតឡើងវិញ នេះ គឺដោយសារជាទីកន្លែងសក្តិស័ទ្ធ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះតាំងពីយូរណាស់មកហើយ ពិសេសនៅពេលបន់ស្រន់លេងភ្លេងខ្មែរ គឺដឹងតែមានភ្លៀងធ្លាក់មក ។ទីកន្លែងនេះក៏ជាកន្លែងសម្រាប់បងប្អូនប្រជាពុទ្ធបរិស័ទរៀបចំពិធីបុណ្យទាន ជួបជុំគ្នា ប្រកបដោយភាពសប្បាយរីករាយ និងមានសេចក្តីសុខគ្រប់ក្រុមគ្រួសារ ។

ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការរំលឹកឡើងវិញដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ដែលត្រូវបានក្រុមគ្រូពេទ្យ មូនិធិចក្ខុខ្មែរ ចុះមកធ្វើការពិនិត្យ និងព្យាបាលជម្ងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ សរុបជាង ៣០០ នាក់ ត្រូវត្រៀមខ្លួន ដើម្បីឡើងធ្វើការបកភ្នែក និងកាត់កន្ទុយថ្លែននៅភ្នំពេញ ក្នុងកំឡុងខែ សីហា ខាងមុខនេះ ហើយការចំណាយស្នាក់នៅ និងធ្វើដំណើរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ជួយចេញចំណាយអោយបងប្អូន ទាំងអស់ ។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ជូន Router 4G ចំនួន ៩គ្រឿង ដោយក្នុងនោះជូនដល់ សាលាស្រុកកោះសូទិន ១ គ្រឿង បណ្តាឃុំ ទាំង ៨ ដោយក្នុង ១ ឃុំ ១ គ្រឿង ហើយ ដុំ Router នេះ ទុកសម្រាប់ប្រើប្រាស់ភ្ជាប់ Wi-Fi ប្រពន្ធ័Internet ៕


Telegram