AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា សម្ដេចគោរពការសម្រេចរបស់ប្រជាជនថៃ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃ និងត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
នៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ល្ងាចម្សិលម៉ិញ ខ្ញុំបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសាខ្មែរលើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។ ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយ តាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។
សម្ដេចតេជោបានថ្លែងថា៖ «ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។ ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើន ដែលខ្ញុំមិនយល់ ដោយមិនចេះអានភាសារថៃ»។ នៅទីនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ១. ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។ ២. ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។ ៣. ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។ ៤. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឱ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ។
សូមរម្លឹកផងដែរថា នៅលើបណ្ដាញតេឡេក្រាមកាលពីព្រលប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា៖ «ខ្ញុំសូមប្រកាសថ្ងៃនេះថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថាខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ។ ខ្ញុំគ្រាន់តែចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថានៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា។ ឥឡូវនេះ ក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសរសេរបន្ថែមថា៖ «សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម»៕ដោយ៖ ជឹម ណារី