ខេត្តព្រះសីហនុ ៖ យោងតាមផេក រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។
សូមជម្រាបថាប្រតិបត្តិការនេះបានចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹក ដោយប្រើប្រាស់កប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង ស្នើនឹង០៦ជើង។
ក្នុងនោះភ្ញៀវទេសចរណ៍មានចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ៕