គំរូល្អ! រដ្ឋបាលស្រុកក្រឡាញ់ អនុវត្តន៍កម្មវិធីគោរពទង់ជាតិជាលើកដំបូង នៅបរិវេណទីប្រជុំជនស្រុក
ព័ត៌មានជាតិ
56

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកទី២៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ គឺជាថ្ងៃដំបូងដែលរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តកម្មវិធីគោរពទង់ជាតិ បទនគររាជ ផ្សាយចេញពីវិទ្យុ តាមរយៈឧគ្ឃោសនស័ព្ទ នៅបរិវេណទីប្រជុំជនស្រុក ដោយមានមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តយ៉ាងច្រើនកុះករ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះថា សម្រាប់ព្រឹកថ្ងៃចន្ទនេះ គឺជាថ្ងៃដំបូងនៃការអនុវត្តកម្មវិធីគោរពទង់ជាតិ នៅទីប្រជុំជនក្នុងស្រុកក្រឡាញ់។ ក្នុងគោលបំណង បំផុស ស្មារតីគោរពស្រឡាញ់អត្តសញ្ញាណជាតិ ព្រោះទង់ជាតិគឺជាដួងព្រលឹងជាតិ ក៏ដើម្បីក្រើនរំលឹក ដល់ការគោរពវិន័យ ចំពោះមន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ។

លោកបន្តថា កម្មវិធីគោរពទង់ជាតិ នៅបរិវេណទីប្រជុំ ជនក្នុងស្រុកក្រឡាញ់នេះ នឹងត្រូវអនុវត្តមួយសប្តាហ៍ចំនួនពីរថ្ងៃ គឺនៅវេលាម៉ោង៧ព្រឹក រៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ។ ក្នុងនោះ ក្រៅពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរស់នៅទីនោះ រដ្ឋបាលស្រុក បានជូនដំណឹង និងស្នើសុំបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរទូទៅ ដែលបានឆ្លងកាត់ក្នុងមូលដ្ឋាននេះ ក៏ត្រូវចូលរួមអនុវត្តទាំងអស់គ្នា ដោយត្រូវឈប់ឬផ្អាកសកម្មភាពការងារ ដើម្បីចូលរួមគោរពទង់ជាតិ ឱ្យបានចប់សិន ទើបអាចបន្តការធ្វើដំណើរ ឬបន្តសកម្ម ភាពការងារផ្សេងៗទៀតបាន។ លោកថា ជាក់ស្តែងនៅព្រឹកមិញនេះ តាមរយៈការចាក់ផ្សាយចម្រៀងជាតិបទនគររាជ តាមរយៈឧគ្ឃោ សនស័ព្ទ (មេក្រូ) មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនអាជីវករ និងអ្នកធ្វើដំណើរទាំងអស់បានចូលរួមគោរពទង់ជាតិយ៉ាងល្អប្រសើរ។

សំឡេង៖ ចូលរួមគោរពទង់ជាតិ របស់យើង ចាត់ទុកថាជាការគោរពវិន័យ ហើយជាការដាស់តឿន ក្រើន រំលឹកដល់មន្ត្រីរាជការ សិស្សានុ សិស្ស ថាយើងដល់ម៉ោងចូលបម្រើ ការងារ ចូលបំពេញភារកិច្ចរៀងៗខ្លួនផងដែរ។ មួយទៀតពាក់ព័ន្ធដល់ការរៀបចំសណ្តាប់ធ្នាប់ មុននឹងការ រៀបចំគោរពទង់ជាតិ គឺយើងមាន ការរៀបចំសណ្តាប់ធ្នាប់ នៅទីប្រជុំ ជន តាមដងផ្លូវ ការលក់ដូរ ហើយជាការរំលឹក ដល់អ្នកធ្វើដំណើរទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការគោរពច្បាប់ចរាចរណ៍ ហើយពាក់ព័ន្ធនឹងស្រុកក្រឡាញ់នេះ ដែលជាស្រុកមួយនៃខេត្តសៀមរាប ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យ ចាត់ទុកថា ជាស្រុកមាត់ច្រក នៃខេត្តទេសចរណ៍ ដូច្នេះយើងចង់មានការផ្សព្វផ្សាយមួយ ដើម្បីទាក់ទាញទេសចរឬអ្នកវិនិយោគឱ្យចូលមកខេត្តសៀមរាប។ សូមជម្រាបផងដែរថា ស្រុកក្រឡាញ់ ជាស្រុកដំបូងមួយរបស់ខេត្តសៀមរាបដែលបានអនុវត្តកម្មវិធីគោរពទង់ជាតិនៅបរិវេណទីប្រជុំជនស្រុក ដើម្បីចូលរួមថែរក្សា ដាស់តឿនស្មារតីដល់សាធារណៈជន ឱ្យចូលរួមលើកកម្ពស់អត្តសញ្ញាណជាតិ៕


Telegram