សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួបសួរសុខទុក្ខកម្មករ កម្មការិនីឡើងវិញ ក្រោយ ការបង្កើតរាជរដ្ឋាភិបាលថ្មី
ព័ត៌មានជាតិ
64

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងការសូមអភ័យទោសពីកម្មករ កម្មការិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខតាមការសន្យា ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ០២៣ និងបានគូសបញ្ជាក់ថា សម្ដេចនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករកម្មការិនីឡើងវិញ ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី។

ក្នុងសារជាសំឡេងតាមតេឡេក្រាមនាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនកូនៗ ចៅៗជាកម្មករ កម្មការិនីទាំងអស់ សម្ដេចតេជោមានប្រសាសន៍ថា កាលពីពេលចុះសួរសុខទុក្ខចំពោះកម្មករកម្មការិនីតាមបណ្ដារោងចក្រ សហគ្រាស សម្ដេចបានសន្យាជាមួយកម្មករ កម្មការិនីថា បន្ទាប់ពីការបោះឆ្នោតហើយ គឺនៅត្រឹមថ្ងៃទី២៧ ខែកក្កដា សម្ដេចនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករកម្មការិនី ជាបន្តទៀត នៅ១០គោលដៅ ទាំងនៅទីក្រុងភ្នំពេញ និងនៅបណ្ដាខេត្តផងដែរ។ ប៉ុន្តែដោយសារបញ្ហាកត្តាពេលវេលា និងកត្តាទាក់ទងជាមួយនឹងទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី គឺកិច្ចការនេះ សម្ដេចតេជោបានសូមអភ័យទោសពីកម្មករកម្មការិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខតាមការសន្យា។

សម្ដេចតេជោបន្តថា ការសួរសុខទុក្ខកម្មករកម្មការិនីត្រូវលើកពេល ទៅក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី ព្រោះថាឥឡូវនេះ ស្ថិតនៅដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ។ សម្ដេចតេជោគូសបញ្ជាក់ថា សម្ដេចចង់ឱ្យអ្វីៗកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបចំពោះក្មួយៗ កូនៗ ចៅៗ ជាកម្មករកម្មការិនីទាំងអស់។ ដូច្នេះ យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្ត្រីថ្មី នឹងទៅសួរសុខទុក្ខចំពោះកម្មករកម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា នេះជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ហើយខ្ញុំមិនទៅណាទេ ខ្ញុំនឹងបកស្រាយរឿងនេះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងពេលសម្ពោធដាក់ឱ្យដំណើរការផ្លូវខ្សែក្រវាត់ក្រុងទី៣ ខ្ញុំនឹងនិយាយរឿងនេះ នៅពេលនោះ»។ សម្ដេចតេជោថ្លែងទៀតថា ក៏ប៉ុន្តែសម្ដេចមានការចាំបាច់ដើម្បីចេញសារ ដោយសារតែតាមគម្រោងសម្ដេចនឹងចេញទៅជួបជាមួយកម្មករកម្មការិនី នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ប៉ុន្តែត្រូវបានអាក់ខាន នឹងត្រូវបានលើកពេលនោះ៕


Telegram