មុន និងក្រោយពេលបោះឆ្នោតរួច កកស្ទះចរាចរណ៍ណែនណាន់លើស្ពានអ្នកលឿង សមត្ថកិច្ចចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជិត២០០នាក់ ចុះធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋតាំងពីម៉ោង ៧ព្រឹក ដល់ម៉ោង ៩យប់
ព័ត៌មានជាតិ
55

ខេត្តព្រៃវែង ៖ ប្រិយមិត្តបានជ្រាបហើយពីការកកស្ទះចរាចរណ៍នៅលើស្ពានអ្នកលឿង មុនពេល និងក្រោយពេលបោះឆ្នោតរួច ដែលពលរដ្ឋលោកធ្វើការទៅស្រុកកំណើតដើម្បីបោះឆ្នោត និងត្រឡប់មកចូលបម្រើការងារវិញ ។

តួយ៉ាង យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តាំងពីព្រឹកព្រលឹម កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ និងកម្លាំងប្រជាការពារ បានចុះសម្រួលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿន) ជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលបានអញ្ជើញមកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយត្រឡប់ទៅប្រកបមុខរបរ និងការងារផ្សេងៗវិញ នៅរាជធានីភ្នំពេញ តាមបណ្ដាខេត្តនានា និងភ្ញៀវទេសចរណ៍ដែលត្រឡប់មកពីប្រទេសវៀតណាមវិញផងដែរ ។

លុះដល់ម៉ោងប្រមាណ ១១ និង ៣០នាទីថ្ងៃត្រង់ ដោយសារឃើញលំហូរប្រជាពលរដ្ឋបុកមកកាន់តែច្រើន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ចេញកម្លាំងអន្តរាគមន៍ និងកម្លាំងអធិការដ្ឋានស្រុកព្រះស្ដេច សរុប ១៩៦នាក់ ចេញជួយសម្រួលចរាចរណ៍ និងសណ្ដាប់ធ្នាប់ រហូតដល់ម៉ោង ៩យប់ ។

គួរបញ្ជាក់ថា ការចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរនេះ កម្លាំងនគរបាលខេត្តព្រៃវែង មិនមែនចុះធ្វើតែនៅចំណុចស្ពានអ្នកលឿងប៉ុណ្ណោះទេ ពោលគឺកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានចុះតាមគោលដៅដងផ្លូវសំខាន់ៗ ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ខណៈនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋភាគច្រើនបានសម្រុក ធ្វើដំណើរត្រឡប់ទៅប្រកបមុខរបរ និងធ្វើការងារតាំងពីព្រឹកព្រលឹម រលូតដល់យប់ ។

នេះគឺជាបេសកកកម្មមួយ ដែលកម្លាំងនគរបាលខេត្តព្រៃវែង ខិតខំប្រឹងប្រែង ទោះស្ថិតក្រោមកំដៅថ្ងៃ មេឃធ្លាក់ភ្លៀង ឬឈរជើងអស់ជាច្រើនម៉ោងក៏ដោយ គឺដើម្បីប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ងាយស្រួលធ្វើដំណើរ និងមានសុខ សុវត្ថិភាព ។

សូមជម្រាបថា ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរមកកាន់ស្រុកកំណើត និងឆ្លងកាត់ខេត្តព្រៃវែង ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ៤ ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះតាមគោលដៅសំខាន់ៗនានា ជាពិសេសនៅចំណុចស្ពានអ្នកលឿង ដើម្បីសម្រួលចរាចរណ៍ និងសណ្ដាប់ធ្នាប់តាមដងផ្លូវ ទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចៀស និងកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕


Telegram