ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បង្ហើបថា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ខណៈគ.ជ.ប ទុកពេលវេលាដល់ភាគីពាក់ព័ន្ធ និងគណបក្សនយោបាយក្នុងការដាក់ពាក្យបណ្តឹង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប បាននិងកំពុងធ្វើការប្រមូលទិន្នន័យ និងធ្វើការបូកសរុប ដោយក្នុងនោះធ្វើការផ្ទៀងផ្ទាត់ដោយគ្រឿងអេឡិកត្រូនិកផង និងដោយដៃផង ដើម្បីធ្វើការបូកសរុប។នៅពេលមានការបូកសរុបបញ្ចប់ គ.ជ.បនឹងចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយសម្រាប់ការប្រកាសលទ្ធផលបណ្តោះអាសន្ននេះដែរ គ.ជ.ប នឹងទុកពេលវេលាដល់ភាគីពាក់ព័ន្ធ និងគណៈបក្សនយោបាយក្នុងការប្តឹង។
សម្រាប់បណ្តឹងទាំងនេះ គ.ជ.បនឹងមានយន្តការដោះស្រាយជូនដល់គណបក្សនីមួយៗក៏ដូចជាភាគីពាក់ព័ន្ធផងដែរ ហើយបន្ទាប់ពីយន្តការដោះស្រាយបណ្តឹងបានបញ្ចប់នោះ គ.ជ.ប គ្រោងនឹងផ្សាយនូវលទ្ធផលផ្លូវការ ក្នុងការបែងចែកអាសនៈ និងបង្ហាញពីសំឡេងដែលគណបក្សនយោបាយនីមួយៗទទួលបាន។
យោងតាមលទ្ធផលក្រៅផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួល១២០អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ បន្ទាប់ពីមានអ្នកចេញទៅបោះឆ្នោតជាង៨លាន២១ម៉ឺននាក់ ស្មើនឹង៨៤,៥៨ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩លាន៧១ម៉ឺននាក់៕