គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែកក្កដាស្អែកនេះ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៥ ក្នុងចំណោមបណ្តឹងជាច្រើនដែលបានប្តឹងក្នុងអំឡុងពេលបោះ និងរាប់សន្លឹកឆ្នោត។
ពាក្យបណ្ដឹងទាំង៥ខាងលើ មានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ចំពោះ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន៧រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា មានពាក្យបណ្តឹងសរុបចំនួន៣៥ ត្រូវបានប្តឹងគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយការណ៍ដែល គ.ជ.ប សម្រេចបើកសវនកា ដើម្បីសម្រេចទៅលើពាក្យប្តឹងចំនួន៥ ដោយសារមិនទាន់ផ្សព្វផ្សាយ បន្ទាប់ពីបញ្ជូនមកគ.ជ.ប តាមរយៈគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត។
ឯកឧត្តម មានប្រសាសន៍ថា បច្ចុប្បន្ន ពាក្យប្តឹងសរុបមាន៣៥ ដែលបានដាក់មកគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយក្នុងចំណោមពាក្យប្តឹងទាំងនេះ គណៈកម្មការឃុំ-សង្កាត់មានការអញ្ជើញមកធ្វើការសម្របសម្រួលគ្នា ហើយដោយបណ្តឹងខ្លះមិនស្រុះស្រួល ក៏បានបន្តមកដាក់ដល់ គ.ជ.ប បើកសវនាការនៅថ្ងៃស្អែក។
ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ពាក្យប្តឹងទាំងនេះមានទាក់ទិនទៅនឹងការធ្វើសកម្មភាពផ្ទាល់ដោយបុគ្គល ដែលទទួលការញុះញង់ពីក្រុមមួយក្តាប់តូចនៅក្រៅប្រទេស។ពួកគេបានព្យាយាមបំភ្លៃបំភាន់ខុសពីការពិត ដើម្បីឱ្យប្រជាពលរដ្ឋ ធ្វើការគូស និងបំផ្លាញសន្លឹកឆ្នោតចោល ខុសពីច្បាប់ដែលចែងឱ្យពលរដ្ឋទៅធ្វើការបោះឆ្នោត ពុំមែនទៅបំផ្លាញសន្កឹកឆ្នោតនោះទេ៕