សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងនីតិកាលទី៧នេះ អាជ្ញាធរ បន្ដយកចិត្តទុកដាក់ប្រមូលសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយទាន់ពេលវេលា។ ការលើកឡើងរបស់សម្ដេចក្រឡាហោមបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តបាត់ដំបងដែល ពេញមួយនីតិកាលទី៦ កន្លងមកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោមបានសម្តែងក្តីសង្ឃឹមជឿជាក់ថា រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់បង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មីនេះ។ សម្ដេចក្រឡាហោមបានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឱ្យរាជរដ្ឋាភិបាល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដី ត្រូវការប្រជាពលរដ្ឋ៕