កូនស្រីរបស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន ស្នើរឲ្យកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយ ពិនិត្យសិនមុនឲ្យបេក្ខណប្រឡង ពិសេសសូមបញ្ឈប់ការយកស្នាដៃមរតកដើម បទ«ម្តាយក្មេកមកលេង» មកកាឡៃជាបទ«ខ្ចីលុយម៉ែក្មេក» បំពានដល់ម្ចាស់ស្នាដៃ មុននឹងចាត់ការតាមច្បាប់
សិល្បៈកម្សាន្ត
203

ថ្មីៗនេះមានការភ្ញាក់ផ្អើលម្តងទៀត ខណៈយុវជនម្នាក់ បានឡើងប្រឡងក្នុង កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយ រដូវកាលទី ៤ ដោយបេក្ខភាពនោះ បានលើកយកបទចម្រៀង «ខ្ចីលុយម៉ែក្មេក » មកបកស្រាយ ។

ក្រោយមានការលេចចេញឃ្លីបវីដេអូនេះរួចមក រំលងបានមួយថ្ងៃប៉ុណ្ណោះ កូនស្រីរបស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានចេញមុខ បញ្ជាក់ច្បាស់ៗ នៅលើហ្វេសប៊ុសឲ្យមហាជនបានជ្រាបថា ការកាឡៃបទចម្រៀងកម្មសិទ្ធបញ្ញាយកមកច្រៀងក្នុងកម្មវិធីប្រឡងលំដាប់ពិភពលោក គឺជាការបំពានដល់ម្ចាស់ស្នាដៃ និងបង្កឱ្យក្មេងជំនាន់ក្រោយយល់ខុស មិនស្គាល់បទដើម ថែមទាំងបានច្រៀងបំពានម្ចាស់ស្នាដៃ ។

យោងតាមការបង្ហោះនៅលើផេក« គង្គ ប៊ុនឈឿន Kong Bunchhoeun »ដែលមានអ្នកចុច ៥ម៉ឺននាក់ បានបង្ហោះខ្លឹមសារ នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះថា « យើងខ្ញុំជាក្រុមគ្រួសារសូម សំណូមពរម្ដងហើយម្ដងទៀត បញ្ឈប់ការយកស្នាដៃមរតកដើម យកមកច្រៀងបំពានបំផ្លាញសិទ្ធស្នាដៃ កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) ម្ចាស់សំនៀង រស់ សេរីសុទ្ធា ច្រៀងមានដាក់ក្នុងប្រលោមលោក រឿងពិតរបស់ខ្ញុំ យកមកក្រឡៃដាក់ពាក្យថ្មី (ខ្ចីលុយម៉ែក្មេក ) អ្នកដំបូងដែលយកបទ មកក្រឡៃ រហូតមាន អ្នកមិនដឹងយកមកប្រលង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ធ្វើអោយក្មេងជំនាន់ក្រោយកាន់តែយល់ច្រឡំ បទចម្រៀង មិនគិតពីម្ចាស់ដើម រួមទាំងការលួចរាប់រយបទផ្សេងទៀតរៀបរាប់មិនអស់ សូមឆាប់ដកសាច់ភ្លេង ទំនុកច្រៀងចេញ ពី យូធូប រឺ អ្វីផ្សេងទៀត ពួកខ្ញុំមិនអនុញ្ញាតិទេ បើពុំនោះទេ ត្រូវប្រឈមនឹងច្បាប់កម្មសិទ្ធបញ្ញា ។

ផេកដដែល ក៏បានបន្តថា « សូមបញ្ជាក់ថាពួកខ្ញុំគាំទ្រស្នាដៃកូនខ្មែរបង្កើតថ្មី រក្សាទំរង់ដើមតែមិនក្រឡៃបទ ម្ចាស់ដើម . កន្លងមក ដូច រឿងនាយចឺមច្រៀង បទ នឹកភូមិភ្នំធំ ដែលយកមកក្រឡៃថ្មី ធ្វើអោយក្រុមគ្រួសារខ្ញុំចេញមុខ តវ៉ា .កាលនោះមានមនុស្សជាច្រើនគិតថា ម្តាយខ្ញុំបានប្ដឹងបាន លុយ បានអី ហើយដើរ រករឿងគេ គ្រាន់តែយកបទចម្រៀងមកច្រៀងថ្មី សោះ .តាម ការពិតក្រុមគ្រួសារខ្ញុំមិនដែលប្ដឹងអ្នកណា រឺ បានសំណងពី នរណាម្នាក់ទេ .តើខុសទេដែលម្ចាស់ដើម ទាមទារថែរក្សាកម្មសិទ្ធិ បទចម្រៀងរបស់ខ្លួន? សូមមានសុខភាពល្អ ដល់ បងប្អូនគ្រប់ៗគ្នាដែលគាំទ្រចម្រៀងមរតកដើម សូមអរគុណ ដោយក្តីគោរពពីនាងខ្ញុំ ប៊ុនឈឿន សូរីវិល័យ ជាកូនស្រី (អ្នកកាន់ផេករបស់លោកប៉ា គង្គ ប៊ុនឈឿន) ។

ជុំវិញការលើកឡើងនេះ ក៏ត្រូវបានមហាជន បង្ហាញការគាំទ្រយ៉ាងខ្លាំងផងដែរ ៕


Telegram