កាលពីពេលថ្មីៗនេះ មហាជនជាច្រើនបានផ្ទុះការភ្ញាក់ផ្អើល ចំពោះបេក្ខជន ទុំ រដ្ឋា ដែលបានចូលរួមក្នុងការប្រកួតចម្រៀងដ៍ល្បី Cambodia Idol រដូវកាលទី៤ ដែលបានលើកយកបទ «ស្រឡាញ់ស្ទើរលេប» ជាចម្រៀងដើមរបស់ គណៈកម្មការលោក ណុប បាយ៉ារិទ្ធ មកបកស្រាយបានយ៉ាងពិរោះរណ្តំ ទាក់ទាញចិត្តទស្សនិកជនយ៉ាងខ្លាំង រហូតលាន់មាត់ថា ពិរោះគ្រប់ៗគ្នា ដែលជឿជាក់ថានឹងជាប់វគ្គនេះ តែលទ្ធផលបែរជាផ្ទុយស្រឡះ ពោលគឺបែរជាបរាជ័យទៅវិញ។
ក្រោយមកគេឃើញនៅក្នុងបណ្តាញសង្គម Tiktok បានផុសនូវសម្លេងរបស់ គណៈកម្មការលោក ណុប បាយ៉ារិទ្ធ ដែលនិយាយអំពីសិទ្ធរបស់ គណៈកម្មការ ថាចង់បានឬក៏អត់ ទៅលើសំឡេងរបស់បេក្ខជន ។
ដោយសារតែមហាជនមានការភ័ន្តច្រឡំច្រើន ទៅលើឆាតនេះ ដោយគិតថា លោក ណុប បាយ៉ារិទ្ធ និយាយសម្តៅលើបេក្ខជន ជុំ រដ្ឋា ឬជុំ សុវត្ថិ នោះ នៅវេលាម៉ោង ៤និង ៣២នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នោះ តាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជា គណៈកម្មការ មួយរូបក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ បានបង្ហោះទាំងស្រុងថា ៖ « សារសម្លេងដែលប្អូនប្រុសឈ្មោះ Lyla Sen បានបង្ហោះ គឺជាការឆាតក្នុងកំឡុងពេលគាត់ឆ្លាក់ពីការប្រឡងក្នុងរដូវកាលទី៣ កាលពីឆ្នាំ២០១៩ ខ្ញុំបានឆ្លើយតបទៅគាត់ ពេលដែលគាត់ឆាតមកខ្ញំ ។ ហើយគាត់បានកាត់សម្លេងរបស់ខ្ញុំយកទៅបង្ហោះtiktok ស្របពេលដែលរឿងកំពុងកើតឡើង ធ្វើអោយបងប្អូនមានការយល់ច្រឡំ និងគិតថាថាសារសម្លេងរបស់ខ្ញុំនិយាយពីប្អូន ទុំ រដ្ឋា ហៅសុវត្ថិ »។
លោក ណុប បាយ៉ារិទ្ធ បានបន្តថា« តាមពិតសារសម្លេងនោះគឺជាសារតាំងពីឆ្នាំ២០១៩ ហើយកាលដែលខ្ញុំនិយាយថា ច្រៀងពិរោះតែគណៈកម្មការមានសិទ្ធមិនជ្រើសយក គឺខ្ញុំនិយាយពីលក្ខខ័ណ្ឌនៃកម្មវិធីនៅប្រទេសគេ គឺមានបេក្ខជនខ្លះច្រៀងពិរោះ តែគាត់មិនត្រូវបានគណកម្មការជ្រើសរើសយក ដោយសារគណកម្មការគាត់មិនទាន់ពេញចិត្ត ពីសមត្ថភាពបេក្ខជន ខ្ញុំមិនបាននិយាយពាក់ព័ន្ធ និងការធ្វើកម្មវិធីរបស់យើងដែលកំពុងតែធ្វើទេ សូមមេត្តាកុំយល់ច្រឡំបន្តរទៀត ។ ដំបូងខ្ញុំគិតថាមិនចង់បកស្រាយអ្វីវែងឆ្ងាយទេ តែដើម្បីអោយបងប្អូនយល់ច្បាស់ខ្ញុំក៏សម្រេចចិត្តនិយាយ សង្ឃឹមថាបងប្អូនកុំមានការយល់ច្រឡំទៀត » ៕