នោះ! ពេលនេះ លេចមុខ លោក សួន ពិសិដ្ឋ ជាអ្នកនិពន្ធបទភ្លេង និងគ្រូមួយរូបនៅក្នុងទ្រនំ ហង្សមាសផ្ទាល់ ចេញមុខស្នើរសុំដល់អគ្គនាយកហង្សមាស ផ្តល់ឲ្យកាសឲ្យ ទុំ សុវត្ថិ បានក្លាយជាតារាចម្រៀង ដោយមិនចាំបាច់ទៅផលិតកម្មណា ព្រមទាំងទទួលធ្វើជាកូនសិស្សលោកផ្ទាល់តែទៀត
សិល្បៈកម្សាន្ត
256

ក្រោយមានការជជែកវែកញែកគ្នាជាបន្តបន្ទាប់ពីសម្លេង បេក្ខជន ទុំ សុវត្ថិ ដែលចូលមកប្រឡងនៅក្នុង កម្មវិធី Cambodian Idol ឃើញថាច្រៀងពិរោះ តែបែរជាគណៈកម្មការឲ្យធ្លាក់នោះ ពេលនេះ លោក សួន ពិសិដ្ឋ ជាសិល្បករមួយរូបដែលមានទេពកោសល្យសិល្បៈពហុជំនាញ ទាំងការតាក់តែង សម្ដែងភាពយន្ដ និពន្ធបទភ្លេង និពន្ធទំនុកច្រៀង ដែលធ្លាប់បានបង្ហាញស្នាដៃ ជាច្រើនកន្លងមកតាមរយៈផលិតកម្មធំៗ នានានៅក្នុងប្រទេសកម្ពុជា ហើយពេលនេះលោកកំពុងតែនៅក្រោមទ្រនំផលិតកម្មហង្សមាសស្រាប់ លោកបានចេញមុខនិយាយចំណុចទាំងនេះ ដែលធ្វើឲ្យ បេក្ខជន ទុំ សុវត្ថិ បរាជ័យ និងប្រកាសផ្ដល់ឱកាសទទួល ទុំ សុវត្ថិ ជាកូនសិស្សរបស់លោកផ្ទាល់ ហើយនឹងបង្វឹកបង្ហាត់បង្រៀន ទុំ សុវត្ថិ ដោយផ្ទាល់ ពិសេសនោះ លោកថែមទាំង ស្នើដល់ អគ្គនាយក ក្រុមហ៊ុន ផលិតកម្ម ហង្ស មាស រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីអនុញ្ញាតផ្ដល់ឱ្យកាសឲ្យ ទុំ សុវត្ថិ មានឧកាសបញ្ចេញសមត្ថភាព ក្នុងបទចម្រៀងថ្មីដែលលោកតែងនិពន្ធ ទាំងបទភ្លេងថ្មី ទាំងទំនុកច្រៀងថ្មី ព្រមទាំងស្នើសុំ ក្រុមហ៊ុនជួយផលិតជា MV ដល់ទុំ សុវត្ថិ អាចផ្ដល់ឱ្យកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម ដោយមិនចាំបាច់ទៅផលិតកម្មណា ឬទៅណាទៅណីនោះទេ ។

ក្នុងនោះ យោងតាមការបង្ហោះ នៅលើគណនីFacebook ផ្លូវការរបស់លោក សួន ពិសិដ្ឋ បានបង្ហោះទាំងស្រុងថា ៖ « ប្អូន ទុំ សុវត្ថិ ខ្ញុំបានមើលនិងស្ដាប់ការច្រៀងប្រឡងក្នុងកម្មវិធី Cambodian Idol ថ្មីៗនេះរបស់ប្អូនរួចរាល់ហើយ ទើបតែបានមើលក្រោយគេ!

ប្អូនមានចំណុចខ្សោយ និង ប្អូនក៏មានចំណុចខ្លាំង!

ទី១). គណៈកម្មការទាំង ៤ រូប លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុខ សីឡាលីន និង លោក ឆន សុវណ្ណារាជ បានលើកឡើងអំពីចំណុចវិជ្ជមាន និង អវិជ្ជមាន អំពីទេពកោសលពូកែ និងខ្វះខាតក្នុងការច្រៀងរបស់ប្អូន សុទ្ធសឹងតែត្រូវទាំងអស់!

គាត់ទាំង ៤ រូប មានមូលហេតុ និងផលល្អ ជាក់ប្រាកដ ច្បាស់លាស់របស់គាត់រៀងៗខ្លួនឈរក្នុងការសម្រេចចិត្តកាត់សេចក្ដីជាប់ ឬធ្លាក់!។

ទី២). ប្អូនមាន (ដុង) ទេពកោសល ឧបនិស្ស័យ ទឹកដមសម្លេងពីកំណើតល្អ និងចេះរបៀបបែបផែននៃការច្រៀងអឺនអង (អឿនឈឿន!) បានល្អ!។

ទី៣). និយាយអំពីបច្ចេកទេសសម្លេង និង ការច្រៀងរបស់ប្អូនវិញម្ដង: សម្លេងប្អូនប្រើចេញពីដើមទ្រូង ទៅបំពង់ក ដល់គល់ថ្គាម ចូលក្រអូមមាត់ និង ចុងច្រមុះបន្តិច។

ប្អូនច្រៀងប្រកាន់តុងក្នុងបទភ្លេងបានល្អខ្លាំង ភ្លាវតិចតួចបំផុត ចង្វាក់ក៏ល្អ ចេះប្រើសម្លេងខ្មោចពេលស្រែកឡើងខ្ពស់ចេះទប់សម្លេងទោះជាស្ទើបន្តិចក៏ដោយ ដោយសារអស់កម្លាំងខ្ញុំយល់! ចេះថ្នម ចេះខ្លាំង ខ្យល់ដង្ហើមវែងល្មមគួរសម មិនទាន់ចេះប្រើខ្យល់ដង្ហើមនិងមិនទាន់ចេះទប់ខ្យល់ដង្ហើម រលកសម្លេងមានរលកចង្វាក់រណ្ដំល្អ គ្រាន់តែមិនទាន់ចេះ និងយល់ពីរបៀបនៃការប្រើរលកក្នុងការប្រើសម្លេងនៅឡើយ រីឯសម្លេងកណ្ដាលរបស់ប្អូនធ្ងន់ល្អ និងមានកម្លាំងមាំធំ រួមទាំងពេលស្រែកឡើងដែរ ទាស់ត្រង់មួយចំណុច ដោយសារតែសម្លេងចុងច្រមុះ លាយនិងក្រអូមមាត់ និងគល់ថ្គាមនេះហើយដែលធ្វើឱ្យសម្លេងប្អូនស្រដៀងទៅនិងសម្លេង គណៈកម្មការ ឆន សុវណ្ណារាជ ច្រើនគួរសម! ហើយការច្រៀងស្រែកទៅតុងខាងលើៗរបស់ប្អូននៅស្ទើខ្ពស់មិនដល់តុង បើទោះជាអស់កម្លាំងយ៉ាងណាក៏ដោយ..ប៉ុន្តែ…!

ពេលដែលប្អូនច្រៀងចុះមកសម្លេងខាងក្រោមវិញ ប្អូនប្រើសម្លេងដើមទ្រូងទាំងស្រុងនោះ គឺក្រោមខ្លាំងហើយបានធ្ងន់ល្អខ្លាំងណាស់ និងមានទឹកដមក្រអួនល្អ និងល្អជាងសម្លេងតារាចម្រៀងអាជីពក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្លះផងក៏មិនមាន និងមិនអាចធ្ងន់មានទម្ងន់ និងមានទឹកដមល្អដូចជាសម្លេងប្អូននោះឡើយ! ហើយសម្លេងដើមទ្រូងខាងក្រោមរបស់ប្អូនគឺមិនច្រឡំជាមួយអ្នកណា ឬតារាចម្រៀងរាមច្បងណានោះឡើយ! គឺ Unique! និងការដាក់អារម្មណ៍ មនោសញ្ចេតនាពីធម្មជាតិបានល្អគួរសម!។

ទី៤). សម្រាប់ខ្ញុំ គឺខ្ញុំផ្ទាល់ឱ្យប្អូនជាប់ទៅប្រឡងដំណាក់កាលបន្ទាប់ទៀត ដូចជាគណៈកម្ម លោក ណុប បាយ៉ារិទ្ធ និង គណៈកម្មការ សុខ សីឡាលីន ដូច្នោះដែរ! គណៈកម្មការទាំង ២ រូបទៀតគាត់មិនឱ្យប្អូនជាប់គឺគាត់មាន ហេតុ និង ផល វិជ្ជាជីវៈ បទពិសោធន៍ និងការវាស់វែង ថ្លឹងថ្លែង ច្បាស់លាស់របស់គាត់ក្នុងការសម្រេចចិត្តមិនឱ្យប្អូនជាប់ឈរក្នុងភាពត្រឹមត្រូវរបស់គាត់! ប៉ុន្តែបើទោះជាប្អូនមិនជាប់ក៏ដោយ កុំអស់សង្ឃឹម ត្រូវតែរឹងមាំ ឈប់យំ! បន្តដំណើរតទៅមុខទៀតរហូតទាល់តែទទួលបានជោជ័យគោលដៅសុបិន្ត ជាតារាចម្រៀងល្បីក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្មែរមួយរូបនេះ!

ទី៥). បងគាំទ្រប្អូន ហើយ និងផ្ដល់ឱកាសទទួលប្អូនជាកូនសិស្សរបស់បងផ្ទាល់ ខ្ញុំនឹងបង្វឹកបង្ហាត់បង្រៀនប្អូនដោយផ្ទាល់មកដល់ផ្ទះនិង studio ខ្ញុំតែម្ដង អំពីរបៀប និងបច្ចេកទេសច្រៀងនិងការកុងត្រូលសម្លេង ស្គាល់ណោតភ្លេង ដឹងការកុងត្រូលតុង និងចង្វាក់ និងសម្លេងបានច្បាស់ ចេះប្រើដង្ហើម ចេះទប់ខ្យល់ដង្ហើម និង ដង្ហើមវែង និងច្រៀងចុះក្រោមកាន់តែធ្ងន់កាន់តែចុះក្រោមបានថែមទៀត ប្រើសម្លេងខ្មោចកាន់តែខ្ពស់ក្រលួចក្រអួន ស្រែកកាន់តែបានខ្ពស់មានកម្លាំងនិងទឹកដម ប្រែក្លាយប្អូនឱ្យក្លាយជាតារាចម្រៀងអាជីព Professional និងចេះអក្សរភ្លេងណោតច្រៀងច្បាស់លាស់មិនលំៗ!

ទី៦). ដោយសារតែបងនៅក្រោមដំបូលក្រុមហ៊ុនក្រុមគ្រួសារ ហង្សមាស ស្រាប់ក្នុងនាមជា លោកគ្រូ អ្នកតែងនិពន្ធបទភ្លេងនិងទំនុកច្រៀង គណៈកម្មការកម្មវិធីប្រឡងចម្រៀង តារាចម្រៀង តារាសម្ដែង និងជាគ្រូបង្វឹកបង្ហាត់បង្រៀនតារាចម្រៀង ប្រចាំក្រុមហ៊ុន ផលិតកម្ម ហង្ស មាស បងមានក្ដីចាប់អារម្មណ៍លើសមត្ថភាព និងទេពកោសលពីកំណើតរបស់ប្អូនខ្លាំងណាស់ ខ្ញុំនឹងស្នើសុំលោកពូ អគ្គនាយក ក្រុមហ៊ុន ផលិតកម្ម ហង្ស មាស រួមទាំងបងៗថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីអនុញ្ញាតផ្ដល់ឱ្យកាសឱ្យប្អូនបានមានឧកាសបញ្ចេញសមត្ថភាព ក្នុងបទចម្រៀងថ្មី ដែលខ្ញុំនឹងតែងនិពន្ធទាំងបទភ្លេងថ្មី ទាំងទំនុកច្រៀងថ្មី និង បង្វឹកបង្ហាត់បង្រៀងប្អូនដោយផ្ទាល់ក្នុងការច្រៀងបទថ្មីរបស់ខ្ញុំតែងនិពន្ធ និងក្រុមហ៊ុន ហង្ស មាស ព្រមទាំងស្នើសុំ ក្រុមហ៊ុន នឹងជួយផលិតជា MV ដល់ប្អូន អាចផ្ដល់ឱ្យកាសឱ្យប្អូនក្លាយជាតារាចម្រៀងប្រចាំ ផលិតកម្ម! ប្អូនមិនចាំបាច់ទៅផលិតកម្មណា ឬទៅណាទៅណីនោះទេ!

សង្ឍឹមថាលោកអគ្គនាយក និងបងៗ នឹងមានមេត្តាចូលរួមផ្ដល់ឱកាសឱ្យប្អូន ទុំ រដ្ឋា (ទុំ សវត្ដិ) ផងដែរ!។ ដោយក្ដីគោរពស្រលាញ់ពីខ្ញុំបាទ! ខ្ញុំមើលឃើញ គ្រាប់ពេជ្រ Unique មិនទាន់ច្នៃ!

ទី៧). ចរិតឫកពារបស់ប្អូនល្អសមសួន មើលទៅមានការចេះដឹងថ្លៃថ្នូ មានក្រមសីលធម៌ល្អ និងរូបសម្បត្តិប្អូនប៉ុណ្ណឹងសមរមហើយអាចជាតារាបាន។

*ចាំ មើលៗ..ថាតើប្អូនប្រឡងធ្លាក់មិនមានពាន នឹងអាចក្លាយជាតារាចម្រៀងល្បី មានប្រជាប្រិយភាព មានហ្វេនគាំទ្រ និងមានបទល្បីៗក្នុងដួងចិត្តមហាជនឬអត់!? ខ្ញុំធ្លាប់បានធ្វើនិងជួយជ្រោមជ្រែងបុគ្គលសាមញ្ញមិនដែលប្រឡងចម្រៀង មិនមានពាន មិនមានឈ្មោះក្នុងសង្គម ពីជីវិតក្រលំបាក រហូតទទួលបានជោគជ័យក្នុងវិថីសិល្បៈតន្រ្តីចម្រៀង ក្លាយជាកំពូលតារាចម្រៀងខ្មែរមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានប្រជាប្រិយភាពមានហ្វេនរាប់លាននាក់ រហូតក្លាយជាសហគ្រិនជោគជ័យ ក្នុងទាំងក្នុងវិស័យពាណិជ្ជកម្មផងដែរ ដល់សព្វថ្ងៃនេះរួចមកហើយ!។

ទី៨). នេះជាលេខទូរស័ព្ទខ្ញុំផ្ទាល់ ទាំង តេឡេហ្គ្រាម ដែរ ០១២ ៨៨៦៦៩៦ (012 886696) សូមទាក់ទងមកបងមក បងរង់ចាំទទួលប្អូនប្រុស!។

តស៊ូដើរទៅមុខបន្តទៀតប្អូន រឹងមាំ មុតស្រួត ហើយឈប់យំ! កូនប្រុសកុំយំឱ្យគេឃើញ!។ ជូនពរសំណាងល្អប្អូនប្រុស ទុំ សុវត្ថិ! Good luck!

គ្រាប់ពេជ្រ Unique មិនទាន់មានអ្នកច្នៃ! » ៕


Telegram