រាជធានីភ្នំពេញ ៖ ដូចដែលមហាជន បានដឹងហើយថា កាលពីពេលថ្មីៗ មានការចាប់អារម្មណ៍លើការSuprise ថ្ងៃកំណើតរបស់ អ្នកនាង គង់ ចាន់ស្រីមុំ ដែល គង់ ចាន់ស្រីមុំ ផ្ទាល់ ក៏ដូចជាមិត្តសម្លាញ់ បាននាំគ្នាតុបតែងខ្លួន ស្លៀតឈុតបុរាណ ជុំគ្នាមានទាំងនំខួបកំណើត សប្បាយថតរូប ទុកជាអនុស្សាវរីយ៍ផងដែរ។
ស្រាប់តែក្រោយពីមានការបង្ហាញឈុតទាំងនេះចេញមក ក៏មានការរិះគន់ខ្លាំង លើសម្លៀកបំពាក់ឈុតប្រពៃណីទាំងនោះ ដែលមានការចម្លងពីប្រទេសថៃ ពោលគឺមិនមែនជាឈុតបុរាណខ្មែរទេ តែដូចជាឈុតរបស់ថៃ ទាំងដែល អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាខ្មែរមួយរូប ដែលកំពុងទទួលបានការគាំទ្រខ្លាំង នៅកម្ពុជានាពេលបច្ចុប្បន្ន ។
ក្នុងនោះយោងតាមការផេក ផ្លូវការរបស់ ក្រុមព្រះសុរិយា បានបង្ហោះរូបភាពមួយសន្លឹក ដែលជារូបការថតឈុតបុរាណរបស់ អ្នកនាង គង់ ចាន់ស្រីមុំ និងមិត្តក្នុងថ្ងៃកំណើត ជាមួយនឹងអក្សរសរសេរលើរូបថា «ដូចណាស់! ដូចសឹងតែ១០០%ទៅហើយ » «ខំលើកតម្កើងបន្តទៀតទៅអ្នកសិល្បៈអើយ » និងភ្ជាប់ជាមួយសំណេរថា « ឃើញថាបច្ចុប្បន្ននេះ ដោយសារតែពាក្យស្រលាញ់ លើកតម្កើង ថែរក្សា មរតកដូនតា គ្រប់គ្នា ឲ្យតែឃើញអ្វីនៅប្រទេសជិតខាងប្រើប្រាស់ចេះតែនាំគ្នា យកមកស្លៀកក្នុងន័យផ្សព្វផ្សាយថា របស់ទាំងអស់នោះជារបស់ដូនតាខ្មែរដែលបានបន្សល់ទុកតាំងពីសម័យបុព្វកាលមកម៉្លេះ ។
តែបើពិនិត្យឲ្យបានត្រឹមត្រូវទៅ ទោះបីជាប្រទេសជិតខាងនោះបានយករបស់ដូនតាខ្មែរប្រើប្រាស់ច្រើនយ៉ាងក៏ដោយ តែមកពេលនេះរបស់ខ្លះវាបានក្លាយរបៀបជីវភាពរបស់ប្រជាជនគេ ទោះមិនបានច្រើន យ៉ាងហោចណាស់ក៏បន្តិចបន្តួចដែរ វាក៏មិនមែនសុទ្ធតែរបស់ដូនតាខ្មែរទាំងអស់ទេ គេក៏ទទួលយករបស់អ្នកជិតខាងផ្សេងទៀតយកមកកែច្នៃដើម្បីបង្កើតរបស់ថ្មីសម្រាប់គេដែរ ។
ដូច្នោះរបស់ដែលនៅប្រទេសជិតខាងកំពុងមានមិនប្រាកដថាវាសុទ្ធតែជារបស់ដូនតាខ្មែរយើងទេ » តើបងប្អូនយល់យ៉ាងណាដែរ ? ៕