ផ្ទុះការរិះគន់លើ នេនទុំ ក្រោយសាក់រូបព្រះព្រហ្ម ដែលពលរដ្ឋខ្មែរតែងតែសំពះគោរព នៅលើកំភួនជើង ក្រោមខោដែលស្លៀក!
សិល្បៈកម្សាន្ត
237

សិល្បៈ ៖ តារាចម្រៀងប្រុសនេន ទុំ ដែលទទួលបានការគាំទ្រពីសំណាក់ មហាជនគ្រប់ស្រទាប់ គ្រប់វ័យតែម្តង មិនថាចាស់ ឬក៏ក្មេង ពួកគាត់សុទ្ធតែស្គាល់នេន ទុំ ។

ស្រាប់តែកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ នេនទុំ បានបង្ហោះរូបភាព ៣សន្លឹក ដោយឈរបង្ហាញរាង និងស្នាមសាក់ នៅលើជើង ដែលជាស្នាមសាក់ថ្មី រូប ព្រះព្រហ្ម នៅលើជើង ភ្ជាប់ជាខ្លឹមសារថា « ហ៊ានណាស់ខ្ញុំ ដេកឲ្យគេចាក់ជេីងរហូតដល់២១ម៉ោង (២ថ្ងៃ ) លុយក៍អស់ ព្រោះ អ្វី? » ។

ទន្ទឹមនឹងការផុសរូបនេះ មិនដល់ ២៤ម៉ោងផង ស្រាប់តែមានការរិះគន់ពីសំណាក់អ្នកគាំទ្រទៅវិញ និងជាច្រើនជាបន្តបន្ទាប់ ចំពោះស្នាមសាក់ លើជើងរបស់លោក ដោយបងប្អូនខ្លះបានលើកឡើងថា « រិះគន់ដើម្បីស្ថាបនា មើលទៅដូចមិនសមយករូបព្រហ្មសាក់លើជើងចឹងទេ» ខ្លះទៀតលើកឡើងថា «ជាអ្នក ស្រលាញ់វប្បធម៌ម្នាក់ដែរ ហេតុអីយករូបបុរាណ មកសាក់ដាក់នឹងជើង នៅក្រោមខោ ដែលស្លៀក ដូចជាមិនសម » និងមានខ្លះទៀតលើកឡើងថា « នេនទុំ កុំចង់ល្បីដល់ថ្នាក់ភ្លេចវប្បធម៌ដូនតាអញ្ចឹង មនុស្សមួយនគរនឹងប្រតិកម្មរឿងនេនទុំ សាក់រូបព្រះព្រហ្មលើជើង ហេតុអ្វីគិតមិនឃើញ រឺ ជាចេតនា ។ ខ្ញុំសូមបញ្ចេញទស្សនៈរិះគន់ក្នុងខណៈជាកូនខ្មែរ ។ កាលដើមទ្បើយរូបនេះតំណាងអោយបរមីសក្តិសិទ្ធិ គេសាក់លើខ្នង រឺ ទ្រូង .... បើជាអ្នកស្រលាញ់វប្បធម៌ សូមពិចារណាទ្បើងវិញ » និងមានខ្លះទៀត បានលើកឡើងថា « យករូបព្រះព្រហ្មមកដាក់លើជើង ចាំមើលទៅលុប ឬទុកអោយប្រជាជនខ្មែរជេរពេញប្រទេស? ទៅលុបទៅខំគាំទ្ររហូតមកផង... » ។

ទោះបីជាយ៉ាងណា ជុំវិញការរិះគន់នេះ គេមិនទាន់ឃើញ សមីខ្លួន នេន ទុំ ចេញមកតបត នៅឡើយនោះទេ ៕


Telegram