បេក្ខជន ណាន វីសាល គឺជាបេក្ខភាពមួយរូប ក្នុងកម្មវិធីប្រឡងចម្រៀង Cambodia Idol ដែលកំពុងដំណើរការប្រកួត ហើយ ណាន វីសាល ក៏ទទួលប្រជាប្រិយភាព និងការគាំទ្រ ជាច្រើនពីសំណាក់មហាជនផងដែរ ។
ក្នុងនោះ ថ្មីៗនេះ បេក្ខជនរូបនេះ បានទម្លាយពីជីវិតរបស់ខ្លួន ដែលធ្លាប់ទៅធ្វើជាកម្មករសំណង់ ចំណាកស្រុកនៅប្រទេសថៃ ទម្រាំមានថ្ងៃនេះមិនមែនជារឿងស្រួលទេ ។
ណាន វីសាល បានបង្ហោះថា « ជីវិតជាការតស៊ូ មិនថាយើងធ្លាប់លំបាកយ៉ាងណា ឱ្យតែយើងមានក្តីស្រម៉ៃ ហើយ ខំពុះពារ តស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីតាមរកក្តីស្រម៉ៃ ខ្ញុំជឿថាថ្ងៃណាមួយយើងនឹងអាចធ្វើវាបានជាមិនខាន។ ខ្ញុំពុំធ្លាប់ឱ្យនរណាម្នាក់បានឃើញរូបភាពទាំងនេះឡើយ ប៉ុន្តែខ្ញុំចង់លើកទឹកចិត្តដល់អ្នកដែលបាក់ទឹកចិត្ត ឬកំពុងបាក់ទឹកចិត្ត ឱ្យក្រោកឈរឡើង ដើរឆ្ពោះទៅមុខ ដើម្បីតាមចាប់ក្តីស្រម៉ៃ ទោះបីនៅសល់ ១% ក៏យើងត្រូវតែមានសង្ឃឹម។ Fight for what you want in life… នេះជារូបភាពកាលខ្ញុំធ្វើកម្មករសំណង់ចំណាកស្រុកនៅប្រទេសថៃ » ។
សូមបញ្ជាក់ថា កាលពីយប់មិញនេះជាការប្រកួត វគ្គ Live Show សប្តាហ៍ទី៤ ហើយ ដែល បេក្ខជន ណាន វីសាល និងបក្ខជន រ៉ូឡុង ម្នាក់ទៀត ត្រូវធ្លាក់ពីកម្មវិធី ដោយសារតែបានសំឡេងសារតិចជាងគេ តែដោយសារសមត្ថភាពរបស់ ណាន វីសាល គណកម្មការបានសម្រេច Save យក ណាន វីសាល ដើម្បីឆ្ពោះទៅវគ្គប្រកួតបន្តទៀត បើទោះបីជាឱកាសនៃការ Save នេះ មានតែម្តង ក៏ដោយ ៕