រាជធានីភ្នំពេញ៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត ដែល ត្រៀម ចូលរួមការប្រកួតពានរង្វាន់កម្រិតពិភពលោក Jet Ski World Cup and World Series 2021-2022 (ជុំទី៣) នៅប្រទេសថៃ ចាប់ ពីថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០២២ នេះ នឹងត្រូវអវត្តមានវិញហើយ ក្រោយពិនិត្យឃើញរបួសប្រេះឆ្អឹងខ្នង ដែលតម្រូវឲ្យធ្វើការវះកាត់បន្ទាន់ ។ នេះបើយោងតាមផេកផ្លូវការ Cambodia 2023 ( CAMSOC ) គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
អ៊ូមើត បានបញ្ជាក់ថា ខ្លួនពុំបានដឹងនោះទេថា មានរបួសបែបនេះ ។ ដោយមានអាការៈឈឺចាប់ពីមួយថ្ងៃទៅមួយថ្ងៃ ទើបគេទៅពិនិត្យ ហើយដឹងថា ប្រេះឆ្អឹងខ្នង ដែលវេជ្ជបណ្ឌិតបានប្រាប់ឲ្យផ្អាក សកម្មភាព ហ្វឹក ហាត់ និងការប្រកួត ហើយត្រូវធ្វើការវះកាត់ជាបន្ទាន់ទៀតផង ។ អ៊ូមើត ថា របួសនេះ អាចកើតឡើង អំឡុង ពេលប៉ះទង្គិចក្នុងការហ្វឹក ហាត់ ប្រ មាណជា ១ខែមុន តែខ្លួនមិនចាប់អារម្មណ៍ ។
ដោយសាររបួសដែលមិនអាចអោយធ្វើការប្រកួតបាន សូម្បីតែការហ្វឹក ហាត់ផងដែរ បានធ្វើឲ្យម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះ មានការសោកស្ដាយជាខ្លាំង ព្រោះខ្លួនបានខិតខំប្រឹងប្រែងហ្វឹកហាត់ជាយូរមកហើយ ដើម្បីត្រៀមការប្រកួតពិភពលោកនេះ ក្នុងគោលបំណងដណ្ដើមលទ្ធផលល្អ និងកិត្តិយសជូនជាតិ តែបែរជាត្រូវខកខានទៅវិញ ខណៈការប្រកួតក៏ហៀបនឹងចាប់ផ្ដើមផងដែរ ។
យ៉ាងណាក្ដីពេលនេះ សាលី អ៊ូមើត បានស្នើពន្យារពេលការវះកាត់សិន ដើម្បីដឹកនាំកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៤រូបទៀត ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកខាងលើ រួមមានកីឡាករ ម៉ីន មូស្ដាន, កៃវ៉ាន់ ស៊ីដែន, សាលី ហ្វីលីន និង ម៉ីន អូស្មាន ។
បន្ទាប់មកទើបម្ចាស់ជើងឯក Jet Ski Pro Tour 2021 រូបនេះ កំណត់ពេលវេលាធ្វើការវះកាត់ ដែលអាចនឹងធ្វើឡើងនាចុងខែមករានេះ ។
សម្រាប់ព្រឹត្តិការណ៍ Jet Ski World Cup and World Series 2021-2022 គឺបែងចែកការប្រកួតជា ៣ជុំ ដោយជុំទី១ ប្រកួតនៅប្រទេសប៉ូឡូញ និងជុំទី២ ប្រកួតនៅសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០២១ តែកីឡាករកម្ពុជា រួមទាំង សាលី អ៊ូមើត ពុំបានចូលរួមនោះទេ ដោយសារវិបត្តិកូវីដ-១៩ ។
ចំពោះការប្រកួតជុំទី៣ នៅថៃ ក្នុងសប្ដាហ៍នេះ គឺមានកីឡាករកម្ពុជា ៤រូបចូលរួម លើកលែងតែ អ៊ូមើត ប៉ុណ្ណោះ ដែលអវត្តមាន ។
ឆ្លៀតឱកាសនេះ សូមជូនពរកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ជួបតែសំណាងល្អ និងទទួលបានលទ្ធផលល្អ នៅក្នុងការប្រកួត Jet Ski World Cup and World Series 2021-2022 ហើយក៏សូមជូនពរកីឡាករ សាលី អ៊ូមើត ឆាប់ជាសះស្បើយពីរបួស ដើម្បីត្រឡប់ចូលទីលានប្រកួតលើឆាកអន្ដរជាតិឡើងវិញ ពិសេសបន្ដដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ៕





.jpg?1642041914)





