កីឡា៖ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះបានឲ្យដឹងថា ពិតជាគួរឱ្យសោកស្តាយ ជាខ្លាំង សម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិបបិសាចក្រហម Manchester United និងមិត្តស្រី Georgina Rodriguez បានប្រកាសនៅលើបណ្តាញសង្គមថា កូនភ្លោះប្រុសរបស់ពួកគេ ទើបនឹងកើតបានបាត់បង់ជីវិតហើយ ដោយនៅរស់រានមានជីវិតតែកូនភ្លោះស្រីម្នាក់ប៉ុណ្ណោះ។
ដំណឹងនេះក៏បានធ្វើឱ្យអ្នកគាំទ្ររបស់លោកទាំងក្នុងប្រទេសនិងក្រៅប្រទេស បង្ហាញការសោកស្តាយនិងចូលរួមរំលែកទុក្ខចំពោះការបាត់បង់របស់កីឡាករខាងលើនេះផងដែរ។
កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះនិងដៃគូ Rodriguez វ័យ២៨ឆ្នាំ កំពុងរង់ចាំការចាប់កំណើតកូនភ្លោះ ប៉ុន្តែពេលនេះ បានបាត់បង់កូនប្រុសម្នាក់ទៅហើយ។
Ronaldo បានបង្ហោះក្នុង Instagram ថា «វាគឺជាក្តីសោកសៅជាទីបំផុត ដែលយើងប្រកាសពីការស្លាប់របស់កូនប្រុសរបស់យើង។ វាជាការឈឺចាប់ដ៏ធំធេងបំផុតរបស់ឪពុកម្តាយ មានតែកំណើតរបស់កូនទេ ដែលធ្វើឲ្យយើងមានកម្លាំងក្នុងការរស់នៅពេលនេះ ដោយក្តីសង្ឃឹមនិងសុភមង្គល។ យើងខ្ញុំសូមថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកា សម្រាប់ការយកចិត្តទុកដាក់ និង ការគាំទ្រ។ យើងត្រូវបានបំផ្លាញនិងស្នើសុំភាពឯកជននៅគ្រាលំបាកនេះ។ ក្មេងប្រុសរបស់យើង អ្នកជាទេវតារបស់យើង។ យើងនឹងស្រឡាញ់អ្នកជារៀងរហូត»។
គួរបញ្ជាក់ផងដែរថា កាលពីខែតុលាកន្លងទៅអ្នកទាំងពីរបានប្រកាសថាពួកគេត្រៀមស្វាគមន៍កូនភ្លោះរបស់ពួកគេ ហើយនៅខែធ្នូ អ្នកទាំងពីរក៏បានប្រកាសថា កូនភ្លោះពួកគេរំពឹងថានឹងមានទារកម្នាក់ និងទារិកាម្នាក់ ។
Ronaldo មានកូនប្រុសឈ្មោះ Cristiano Jr ដែលកើតក្នុងឆ្នាំ ២០១០ និងកូនភ្លោះ Eva និង Mateo កើតនៅឆ្នាំ ២០១៧។ ហើយកីឡាករឆ្នើមរូបនេះ ក៏មានកូនស្រី១នាក់ ជាមួយ Rodriguez ផងដែរ ឈ្មោះថា Alana Martina ដែលកើតនៅឆ្នាំ២០១៧៕




