តុលាការ ចិន ក្នុង ទីក្រុង ប៉េកាំង បាន កាត់ទោស តារា ចម្រៀង កូរ៉េ សញ្ជាតិ កាណាដា Kris Wu ដែល ត្រូវ បាន គេ ស្គាល់ ជាភាសាចិនថា Wu Yifan ឲ្យ ជាប់ ពន្ធនាគារ រយៈពេល ១៣ ឆ្នាំ ក្រោម បទ ចោទ ប្រកាន់បទឧក្រិដ្ឋកម្ម រួម ទាំង ការ រំលោភ សេពសន្ថវៈ ត្រឹមតែជាងមួយឆ្នាំបន្ទាប់ពីការចាប់ខ្លួន តារារូបនេះ នៅក្នុងប្រទេសចិន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក Kris Wu ទទួលបានភាពល្បីល្បាញក្នុងនាមជាសមាជិកនៃ ក្រុមចម្រៀង K-pop «EXO » ហើយតារាចម្រៀង ឆ្នើម រូប នេះ បាន ត្រឡប់ ទៅ ប្រទេស ចិន ដើម្បី បន្ត អាជីព ទោល បន្ទាប់ពី បានចាកចេញពីក្រុមក្នុង ឆ្នាំ ២០១៤ ។
គួរជម្រាបថា តុលាការប្រជាជន ក្នុងទីក្រុងប៉េកាំង បាននិយាយថា ចន្លោះខែវិច្ឆិកា ឆ្នាំ ២០២០ ដល់ខែធ្នូ ឆ្នាំ ២០២០ តារាចម្រៀងរូបនេះ បានចាប់រំលោភក្មេងស្រី៣នាក់នៅឯផ្ទះ របស់លោក ខណៈដែលក្មេងស្រីទាំងនោះមិនអាចរើបម្រាស់រួច ដោយសារតែ ស្រវឹងស្រា។ ហើយនៅក្នុងខែកក្កដា ឆ្នាំ ២០១៨ លោក រួមជាមួយអ្នកផ្សេងទៀតបានរៀបចំ ឱ្យក្មេងស្រី ពីរនាក់ចូលរួមក្នុង «ប្រមូលផ្តុំហ្វូងមនុស្ស» ខណៈពេលដែលពួកនាងស្រវឹង លោកក៏ចាប់រំលោភស្រ្តីពីរនាក់នោះនៅផ្ទះ របស់លោក ។
ជាមួយគ្នានេះ តុលាការ បានកាត់ទោសលោក Kris Wu លើការចោទប្រកាន់ចំនួនពីរគឺ ចាប់រំលោភ សេពសន្ថវៈ និងការប្រមូលផ្តុំហ្វូងមនុស្សដើម្បីចូលរួមក្នុងសកម្មភាពមិនសមរម្យ ហើយ តុលាការបានសម្រេចកាត់ទោសជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ។ តុលាការ បាននិយាយថា តារាចម្រៀង រូប នេះ នឹងត្រូវនិរទេស បន្ទាប់ពីការបញ្ចប់ការកាត់ទោសរបស់លោកផងដែរ ។
គួររំលឹកថា តារា ចម្រៀង កូរ៉េ សញ្ជាតិ កាណាដា Kris Wu ត្រូវបានចាប់ឃុំខ្លួន តាំងពីខែសីហា ឆ្នាំ២០២១ ខណៈ ដែលប៉ូលីសបានធ្វើការស៊ើបអង្កេតដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយលើបណ្តាញអ៊ីនធឺណែតដែលថា លោក«បានល្បួងស្ត្រីវ័យក្មេងម្តងហើយម្តងទៀត»ឱ្យរួមភេទ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស ។
នៅ ឆ្នាំ ២០២០ ក្មេង ស្រីជំទង់ ម្នាក់ បាន ចោទលោក ថា បានចាប់រំលោភ នាង ពេលដែល នាង ស្រវឹង។ ប៉ុន្តែលោក Wu ដែលស្គាល់ជាភាសាចិនថា Wu Yifan បានបដិសេធការចោទប្រកាន់នេះ។ ក្មេងស្រី នេះ បាននិយាយបន្តថា ស្ត្រី៧នាក់ផ្សេងទៀត បានទាក់ទងមកនាង ដោយ និយាយថា លោក Wu បានល្បួងពួកគេដោយការសន្យាការងារ និងឱកាសផ្សេងទៀត។ ក្នុងនោះក្មេងស្រី ខ្លះ មាន អាយុ ក្រោម ១៨ ឆ្នាំផងដែរ។
ទន្ទឹមនឹងនេះ ចំពោះការរំលោភ សេពសន្ថវៈ ត្រូវ ផ្តន្ទាទោស ដាក់ ពន្ធនាគារ ពី ៣ ឆ្នាំ ទៅ ១០ ឆ្នាំ ជា ពិសេស អាច មាន ទោស ធ្ងន់ធ្ងរ រហូត ដល់ ស្លាប់ ។ មិនតែប៉ុណ្ណោះ ការិយាល័យពន្ធដារបាននិយាយថា លោក Wu Yifan ក៏ត្រូវបានបញ្ជាឱ្យបង់ប្រាក់ចំនួន ៦០០លានយន់ (៨៣.៧៧ លានដុល្លារ) សម្រាប់ការលាក់ប្រាក់ចំណូលផ្ទាល់ខ្លួន និងបទល្មើសទាក់ទងនឹងពន្ធផ្សេងៗទៀត៕

