ម្ចាស់ស្នាដៃកំណាព្យរឿង «ម្ចាស់ជីវិត» ជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍៧មករា ស្នើសុំសម្ដេចតេជោ ជួយបោះពុម្ពផ្សាយ
សិល្បៈកម្សាន្ត
595

យោងតាមការចេញផ្សាយទាំងស្រុង របស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ម្ចាស់ស្នាដៃកំណាព្យរឿង «ម្ចាស់ជីវិត» ជ័យលាភីលេខ១ពានរង្វាន់អក្សរសិល្ប៍៧មករា ស្នើសុំសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជួយបោះពុម្ពផ្សាយ។​

លោក សំ សុភារិន្ទ ជាអ្នកនិពន្ធម្ចាស់ជ័យលាភីពីមហោស្រពប្រឡងតែងនិពន្ធនានា ជាច្រើនលើក ដូចជាពានរង្វាន់ព្រះបាទសុរាម្រឹត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពានរង្វាន់អក្សរសិល្ប៍៧មករា និងពានរង្វាន់ព្រះសីហនុរាជ របស់សមាគមអ្នកនិពន្ធខ្មែរ ជាដើម។ ពេលនេះលោកចង់បោះពុម្ពផ្សាយស្នាដៃកំណាព្យរឿង «ម្ចាស់ជីវិត» ជ័យលាភី លេខ១ ពានរង្វាន់អក្សរសិល្ប៍៧មករា ដោយេពឹងលើការឧបត្ថម្ភជ្រោមជ្រែងពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ម្ចាស់ជីវិត គឺជាស្នាដៃកំណាព្យរឿងរបស់យុវជនសំ សុភារិន្ទ ពីស្រុកត្រាំកក់ ខេត្តតាកែវ ដាក់ចូលរួមប្រឡងក្នុងមហោស្រពអក្សរសិល្ប៍៧មករា ឆ្នាំ២០០៩ រៀបចំដោយសមាគម អ្នកនិពន្ធខ្មែរ ទទួលបានជ័យលាភីលេខ១ ក្នុងចំណោមស្នាដៃចូលរួមជាច្រើនពីទូទាំងប្រទេស ។ មានកិត្តិយស និងក្ដីរីករាយ ចំពោះការទទួលបានជ័យលាភីនេះ តែលោកសុភារិន្ទ ហាក់សោកស្ដាយ ដែលស្នាដៃរបស់លោកមិនបានបោះពុម្ពផ្សាយតាំងពីអំឡុងពេល ទទួល ជ័យលាភីរហូតមកទល់ពេលបច្ចុប្បន្ននេះ។ ដោយមិនមានលទ្ធភាព លោកចង់ បានការជ្រោម ជ្រែងគាំទ្រ ដើម្បីឱ្យស្នាដៃនេះចេញជារូបរាងបាន។

នាពេលថ្មីៗកន្លងមក អ្នកនិពន្ធ សំ សុភារិន្ទ បាននិយាយថា «ម្ចាស់ជីវិត» គឺជាស្នា ដៃអក្សរសិល្ប៍ដំបូងបង្អស់របស់ខ្ញុំ ដែលទទួលបានជ័យលាភីលេខ១ពីមហោស្រពអក្សរ សិល្ប៍ដ៏ធំមួយ គឺមហោស្រពអក្សរសិល្ប៍៧មករា។ ខ្ញុំមានមោទននភាពណាស់ ចំពោះការ ធ្វើបានបែបនេះ។ តែខ្ញុំសោកស្ដាយដែលស្នាដៃនេះនៅកប់អស់ពេលជាច្រើនឆ្នាំ ហើយវានឹង បន្តទៅទៀតបើមិនមានការជួយជ្រោមជ្រែងបោះពុម្ពផ្សាយ។ ដូច្នេះហើយខ្ញុំ សូមស្នើសុំ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីសម្រេចបំណងមួយនេះ ។

ខ្ញុំបាទសង្ឃឹមថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយគាំទ្របំណងមួយ នេះមិនខាន។ ការបោះពុម្ពផ្សាយកំណាព្យរឿងម្ចាស់ជីវិត ដើម្បីរួមចំណែកលើកតម្កើងក្នុង វិស័យអក្សរសិល្ប៍ជាតិផង និងដើម្បីផ្សព្វផ្សាយដោយ ឡែកចំពោះស្នាដៃអក្សរសិល្ប៍ដែល ប្រសូតចេញពីពានរង្វាន់អក្សរសិល្ប៍៧មករាផង។ លោកអាចទាក់ទងបានតាមរយៈលេខ ទូរស័ព្ទ និងតេឡេក្រាម ០១២ ៧៥៥ ៤១៩។

បើតាមរបាយការណ៍គណៈកម្មការមហោស្រពតែងនិពន្ធអក្សរសិល្ប៍ពានរង្វាន់ «៧ មករា» ១៩៩៩ គណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃឃើញស្នាដៃជាច្រើនលេចធ្លោ ហើយ ល្អដាច់គេ ដូចជាអត្ថបទរឿង«ម្ចាស់ជីវិត» របស់លោក សំ សុភារិន្ទ រស់នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ សរសេរបានល្អទាំងអត្ថរូប អត្ថន័យ និងអត្ថរស។ ខ្លឹមសារនៃកំណាព្យគឺនិយាយពីយុវជនម្នាក់ ដែលមានកំហឹងឈឺចាប់ចំពោះរបបប្រល័យ ពូជសាសន៍ប៉ុល ពត ស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព ដើម្បីទប់ស្កាត់ការវិលត្រឡប់របស់ របបបិសាចនេះ។ សាច់រឿងក៏បានឆ្លុះបញ្ចាំង ពីភក្ដីភាពរបស់នារីខ្មែរម្នាក់ដែល ឳពុកបាន រត់ភៀសខ្លួនចោលស្រុកកំណើតទៅរស់នៅសហរដ្ឋអាមេរិក ហើយបានត្រឡប់ មកបង្ខំឱ្យ កូនទៅរៀបការជាមួយអាណិកជនខ្មែរម្នាក់ តែនារីជាកូនពុំព្រម។ នាងសុខចិត្តស្លាប់ បើមិន បានយុវជនជាកងទ័ពដែលនាងស្រឡាញ់នោះធ្វើជាគូគាប់។ ចំណុចដែលល្អ គឺការតស៊ូ និងភក្ដីភាពរបស់នារីខ្មែរចំពោះគូសង្សារដែលនាងយល់ឃើញជាអ្នកដែលខិតខំការពារទឹកដី និងប្រជាជាតិ។

លោក សំ សុភារិន្ទ មានស្នាដៃអក្សរសិល្ប៍មួយចំនួនបានចេញផ្សាយរួចមកហើយ ដូចជារឿងអាសូរស្ងួនជាដើម ។ បច្ចុប្បន្នលោកក៏ជាអ្នកសារព័ត៌មានផងដែរ ៕


Telegram